នៅក្នុងសេចក្ដីថ្លែងសន្ទរកថានៃ សន្និសីទ​ការពារ​ទិន្នន័យ​សហភាពអឺរ៉ុប នៅ​ថ្ងៃនេះ នាយកប្រតិបត្តិ Tim Cook បានបង្ហាញពីក្ដីបារម្ភជាច្រើនអំពីឯកជនភាព និងសុវត្ថិភាពទិន្នន័យផ្សេងៗរបស់អ្នកប្រើប្រាស់លើឧបករណ៍ឌីជីថល ខណៈបច្ចុប្បន្នមានកម្មវិធីជាច្រើនព្យាយាមតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់។
បើទោះបី Tim Cook មិនបង្ហើបឈ្មោះអាជីវកម្មនោះចំៗ តែគេអាចសន្និដ្ឋានដឹងថា ក្រុមហ៊ុនដែលព្យាយាមតាមដានទិន្នន័យអ្នកប្រើប្រាស់ ដើម្បីឱ្យការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំគោលដៅល្អនោះ គ្មានក្រុមហ៊ុនណាក្រៅពី Facebook ឡើយ។
ត្បិតអីក្រុមហ៊ុនទាំងពីរ Apple និង Facebook គឺកំពុងមានរឿងក្ដៅនៅឡើយអំពីបញ្ហាទាំងនេះ ខណៈនៅក្នុងពិធីប្រកាសចំណូលប្រចាំត្រីមាសរបស់ Facbook កាលពីថ្មីៗនេះ នាយកប្រតិបត្តិ Mark Zuckerberg បានចោទ Apple ថាកំពុងជ្រៀតជ្រែក ដោយវាយប្រហារលើអាជីវកម្មរបស់ខ្លួន ព្រោះ Apple បានធ្វើការរឹតត្បិតចំពោះការដានទិន្នន័យលើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន៕
Tim Cook បាននិយាយថា បើទិន្នន័យរបស់អ្នកប្រើប្រាស់នៅតែមានការតាមដាន និងយកទៅប្រើប្រាស់ នោះអ្នកប្រើប្រាស់គឺលែងជាអតិថិជនទៀតហើយ ប៉ុន្តែពួកគេបានក្លាយជាផលិតផល ដែលត្រូវបានលក់ទៅឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។
នាយកប្រតិបត្តិរូបនេះក៏បានធ្វើការថ្កោលទោសបន្ថែមថា អាជីវកម្មណាដែលមានការ​បំភ័ន្ត​ដល់អ្នកប្រើប្រាស់ កេង​ប្រវ័ញ្ច​ទិន្នន័យរបស់អតិថិជន ពួកគេមិនគាំទ្រនោះឡើយ ហើយត្រូវធ្វើការកែទម្រង់ចេញ។