​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជួប​វិបត្តិ​រដ្ឋប្រហារ​កាល​ពី​ម្សិលមិញ​​ ក្រោយ​ក្រុម​យោធា​ចាប់​​ខ្លួន​លោក​ស្រី​ អ៊ុង​សាន ស៊ូជី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​ជាច្រើន​រូប។ តើ​រដ្ឋប្រហារ​ ដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​ ដើរ​ថយ​ក្រោយ​គឺ​ដោយ​សារ​អ្វី?៖


​ដើម​ចម​នៃ​រដ្ឋប្រហារ​គឺ​ដោយសារ​ យោធា​បាន​អះអាង​ថា​ មាន​ការ​លួច​បន្លំ​ការបោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ​ដែល​​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NLD) របស់​អ្នកស្រី​ អ៊ុង​សាន ស៊ូជី បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំ​មួយ​ នៅ​ក្នុង​ការបោះឆ្នោត​សភា។

យ៉ាង​ណា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មីយ៉ាន់ម៉ា ​បាន​ច្រានចោល​​ថា​គ្មាន​ការ​លួច​បន្លំ​អ្វី​នោះ​ទេ​។​ ការ​ចុះ​ចាប់​ និង​ប្រើ​កម្លាំង​ អាវុធ​របស់​ពួក​យោធា​ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ពេល​សភា​ថ្មី​ បើក​សម័យ​ប្រជុំ​លើក​ទី​១​។ ​អ្នកស្រី​ ស៊ូជី ​ បាន​ត្រូវ​ឃុំ​ខ្លួន​កាលពី​ម្សិលមិញ​រួម​ទាំង​ លោក​ប្រធានាធិបតី Win Myint ​ផង​។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ,​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ និង​សេតវិមាន ​និង​រដ្ឋាភិបាល​មកពី​ប្រទេស​ផ្សេងៗ​ទៀត ​រួម​មាន​អូស្ត្រាលី​ ឥណ្ឌា ​រួម​ទាំង​បណ្ដា​ប្រទេស​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​ពួក​យោធា ខណៈ​ប្រជាជន​មីយ៉ាន់ម៉ា​កំពុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ចំពោះ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន៕




ប្រភព៖ SABAY NEWS